ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកនៅតាមគ្រប់ស្ថាប័ន អិល ប៊ី អិន ទាំងអស់ កាលពីថ្ងៃទី ២២ ២៣ និង ២៤ ខែវិចិ្ឆកា​ ឆ្នាំ២០១៩ ក្រុមហ៊ុន អិល ប៊ី អិន គ្រុប ឯ.ក បានរៀបចំនូវដំណើរកម្សាន្តប្រចាំឆ្នាំដ៏ធំមួយឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី។ ខេត្តមណ្ឌលគីរីជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ទឹកជ្រោះ និង ខ្យល់អាកាសបរិសុទ្ធ ជាកន្លែងដែលអាចឲ្យបងប្អូនក្រុមការងារទាំងអស់គ្នាបានសម្រាកកាយ លម្ហែខួរក្បាល និង ទទួលយកអារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ។

ដោយនៅក្នុងដំណើរកម្សាន្តនេះ បុគ្គលិកដែលចូលរួមទាំងអស់មានចំនួនប្រមាណជាង៩៥នាក់ ដែលត្រូវបានបែងចែក​ជាពីរក្រុមធំៗ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរតាមឡានក្រុង។ ហើយបុគ្គលិក ម្នាក់ទទួលបានខ្នើយកល់មួយទុកសម្រាប់គេងនៅលើឡាន និងនៅក្នុងតង់ ព្រមទាំងអាហារសម្រន់ផ្សេងៗផងដែរ។

ដំណើរកម្សាន្តនេះ ប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែរយៈពេល៣ថ្ងៃនេះ ក្រុមរបស់ទាំងអស់បានទៅកម្សាន្តនៅរមណីយដ្ឋានស្អាតៗ ជាច្រើនកន្លែងដែលមាននៅខេត្តមណ្ឌលគីរីដូចជា ទឹកធ្លាក់លែងឃិនលែងអង ភ្នំដោះក្រមុំ សមុទ្រឈើ  និង ទឹកជ្រោះប៊ូស្រា ជាពិសេសគឺការទទួលយកអារម្មណ៍បែបថ្មីដោយការគេងក្នុងតង់ ព្រមជាមួយសកម្មភាពដែលចូលរួមជួយដល់សង្គម និង បរិស្ថាន គឺការដើររើសសម្រាមនៅតំបន់រមណីយដ្ឋានអណ្តូងស្នេហ៍ផងដែរ។

អ្វីដែលក្រុមការងារទទួលបានពីដំណើរកម្សាន្តនេះគឺ ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក  ក្រុមការងារមានឱកាសបានជួបជុំគ្នា ស្គាល់គ្នា សំណេះសំណាលគ្នា និងទំនាក់ទំនងយ៉ាងស្និទ្ធស្នាលពីស្ថាប័នមួយទៅស្ថាប័នមួយទៀតដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។

សកម្មភាពអស់ទាំងនេះ គឺជាបទពិសោធដ៏ល្អមួយសម្រាប់ ការបង្កើនចំណងមិត្តភាព ស្រលាញ់រាប់អានគ្នាឲ្យដូចជាគ្រួសារតែមួយ ព្រមទាំងធ្វើការសហការ សាមគ្គីគ្នាធ្វើកិច្ចការរួមគ្នា ដើម្បីឲ្យការងារទទួលបាននូវ គុណភាព ឧត្តមភាព ទំនុកចិត្ត និង ភាពជោគជ័យទាំងអស់គ្នា ទាំងក្នុងពេលនេះ និងពេលអនាគត ពោល គឺដំណើរកម្សាន្តពោរពេញទៅដោយសម្លេងសើចក្អាកក្អាយ សប្បាយអើងកង តាមរយៈការទទួលទានអាហារពេលល្ងាច ការលេងល្បែងកម្សាន្តនានា ដើម្បីយករង្វាន់ និងការរាំលេងកម្សាន្តជុំគ្នាដល់យប់ជ្រៅ។

ជាចុងក្រោយនេះ យើងខ្ញុំដែលជាបុគ្គលិក​បម្រើការឲ្យក្រុមហ៊ុន អិល ប៊ី អិន គ្រុប ឯ.ក គ្រប់រូប គ្រប់ស្ថាប័ន សូមគោរពថ្លែងអំណរគុណដល់លោក ឧកញ៉ា លោក ជំទាវ និង លោក អគ្គនាយករង ព្រមទាំងក្រុមគ្រួសារ ដែលបានអនុញ្ញាតឲ្យមានដំណើរកម្សាន្តដ៏សប្បាយរីករាយនេះឡើង សម្រាប់ចុងឆ្នាំ២០១៩។ ជាងនេះទៅទៀត យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ ជាបុគ្គលិកគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់សូមគោរពជូនពរ ដល់លោក ឧកញ៉ា លោក ជំទាវ និង លោក អគ្គនាយករង ព្រមទាំងក្រុមគ្រួសារ ឲ្យជួបតែនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។