ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា “ទឹក​” គឺមានសារៈសំខាន់សម្រាប់រាងកាយរបស់យើងគ្រប់គ្នា។​ ទឹក មិនត្រឹមតែជួយឲ្យ មនុស្ស សត្វ រុក្ខជាតិទាំងឡាយឲ្យមានជីវិត ឬអាចដុះលូតលាស់ រស់នៅបានតែប៉ុណ្ណោះទេ គឺវាមានអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត ដូចជា សម្រាប់លាងសម្អាតដៃជើង ជម្រះមុខមាត់ រាងកាយជារៀងរាល់ថ្ងៃ និង ជាពិសេសប្រើប្រាស់សម្រាប់ដាំស្ល ជាដើម ។ បើសិនជា តុល្យភាពទឹកមានមិនគ្រប់គ្រាន់ក្នុងរាងកាយរបស់មនុស្សយើងនោះទេ វានឹងបណ្តាលឲ្យមានបញ្ហាសុខភាពដូចជាឈឺក្បាល អស់កម្លាំង ឬមានបញ្ហាស្បែកផ្សេងៗ។ ជាធម្មតា រាងកាយមនុស្សយើងត្រូវការជាតិទឹក ជាមធ្យមពី ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ ទើបអាចទ្រទ្រង់រាងកាយទាំងមូលឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺមួយចំនួនបាន។ ហេតុនេះហើយ យើងគ្រប់គ្នាគួរតែព្យាយាមទទួលទានទឹកឲ្យបានត្រឹមត្រូវតាមពេលវេលា និងបរិមាណដែលបានកំណត់ ដើម្បីឲ្យទទួលបានសុខភាពល្អទាំងអស់គ្នា។ 

សម្រាប់ពេលវេលាល្អនៃការទទួលទានទឹកដែលធ្វើឲ្យសុខភាពកាន់តែប្រសើរឡើងថែមទៀតនោះគឺការទទួលទានទឹកនៅពេលព្រឹកព្រលឹមតែម្តង អត្ថប្រយោជន៍ជាច្រើនដូចជា៖

១. បង្កើនកម្រិតថាមពលនៅក្នុងរាងកាយ

ទឹក ជួយបង្កើនចំនួនកោសិកាឈាមក្រហមនៅក្នុងរាងកាយ ថែមទាំងជួយធ្វើឲ្យអុកស៊ីសែនដែលយើងទទួលបានឲ្យបានទៅដល់ខួរក្បាលផងដែរ។ ការកើនឡើងនៃអុកស៊ីសែន ជួយឲ្យរាងកាយស្វាហាប់ រហ័សរហួនជាងមុន។

២. សម្រួលដល់ការរំលាយអាហារបានល្អ

នៅពេលដែលអាហារដែលយើងបានញ៉ាំចូលទៅរំលាយមិនបានល្អ ឬយឺតវានឹងធ្វើឲ្យមានផលប៉ះពាល់ដល់រាងកាយរបស់យើង ដូចជាធ្វើឲ្យរាងកាយយើងមានសភាពធាត់ខុសប្រក្រតី ជាដើម។ ការញ៉ាំទឹកនៅពេលព្រឹកព្រលឹម មុនពេលដែលញ៉ាំអាហារផ្សេងៗ វាជួយបង្កើនកម្រិតនៃការរំលាយឲ្យបានប្រសើរជាងមុន ព្រមទាំងធ្វើឲ្យយើងអាចស្រកទម្ងន់បានថែមទៀតផង ព្រោះពេលដែលយើងញ៉ាំទឹកហើយ មានអារម្មណ៍ថាឆ្អែត មិនសូវឃ្លានប៉ុន្មានឡើយ។

៣. ជួយកាត់បន្ថយអាការៈ ចុករួយតាមសន្លាក់ឆ្អឹង និងការឈឺចាប់ផ្សេងៗ

ការទទួលទានទឹកនៅពេលព្រឹកអាចជួយឱ្យការឈឺខ្នង ឈឺសន្លាក់ និងរលាកសន្លាក់បានធូរស្រាលមួយកម្រិត ក៏ព្រោះថានៅពេលដែលក្នុងខ្លួនរបស់យើងមានបរិមាណជាតិទឹកគ្រប់គ្រាន់ វានឹងជួយកម្ចាត់កាកសំណល់អាស៊ីតដែលអាចកើតមានឡើងនៅតាមសន្លាក់ឆ្អឹងក្នុងរាងកាយយើង ថែមទាំងជួយបង្កើន​ សារធាតុប្រេង ឬខ្លាញ់ នៅតាមគន្លាក់នៃសន្លាក់ឆ្អឹងក្នុងរាងកាយយើងថែមទៀតផង។​​ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានទឹកនៅពេលព្រឹកនេះក៏អាចជួយឲ្យសម្រួលដល់អាការៈឈឺក្បាលរ៉ាំរ៉ៃដែលកើតមកពីកង្វះខាត​ជាតិទឹកនៅក្នុងខ្លួនយើងបានផងដែរ។

៤. ជួយធ្វើឲ្យស្បែកស្រស់ថ្លា និងភ្លឺរលោង

ការទទួលទានទឹក ឲ្យបានទៀងទាត់ ជារៀងរាល់ព្រឹក ចូលទៅក្នុងពោះទទេ វាអាចជួយ ទប់ស្កាត់នូវភាពចាស់ជ្រីវ​ជ្រួញនៃស្បែកបាន ព្រមទាំងធ្វើឲ្យស្បែកមានសភាព ភ្លឺស្រស់ថ្លាបានពេញមួយថ្ងៃ។

៥. ជួយលាងសម្អាតជាតិពុលនៅក្នុងខ្លួន

ទឹក ជួយលាងសម្អាត បណ្តេញជាតិពុលដែលមាននៅក្នុងរាងកាយរបស់យើងតាមរយៈទឹកនោម​ និងញើសចេញមកក្រៅបានយ៉ាងងាយ ថែមទាំងជួយធ្វើឲ្យពោះវៀនធំស្រូបទាញនូវសារធាតុចិញ្ចឹមសម្រាប់រាងកាយយើងបានកាន់តែងាយស្រួលថែមទៀតផង។

អត្ថបទ៖ សុភី

ប្រភព៖ https://www.lifesourcewater.com/blog/5-benefits-to-drinking-water-first-thing-in-the-morning