ស្រ្តេស ឬសម្ពាធនៃផ្លូវអារម្មណ៍ គឺកើតឡើងពីការព្រួយបារម្ភ ស្មុគស្មាញ គិតច្រើនរបស់យើងគ្រប់គ្នានារៀងរាល់ថ្ងៃនេះឯង។​​ ការស្រ្តេសនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់យើងគ្រប់គ្នាជាខ្លាំង ប៉ះពាល់ទាំងខូចទាំងសុខភាព ខាតបង់ទាំងប្រាក់កាស ខាតទាំងពេលវេលាក្នុងការបំពេញការងារផ្សេងៗថែមទៀងផង។ ​​ហេតុនេះហើយ​ បើសិនជាបានដឹងថាខ្លួនកំពុងតែជួបប្រទះនឹងបញ្ហាស្រ្តេសនេះ គួរតែព្យាយាមរិះរកវិធីមកកាត់បន្ថយ ឬលុបបំបាត់វាចោលឲ្យបានជាដាច់ខាត។ ខាងក្រោមនេះគឺវិធីងាយៗដែលអាចយកទៅប្រើប្រាស់ដើម្បីចាត់ការលើរាល់ភាពស្រ្តេសទាំងឡាយបាន៖

១. ស្តាប់ចម្រៀង

ការស្តាប់ចម្រៀង គឺមានប្រយោជន៍ចំពោះរាងកាយ និងស្មារតីរបស់យើង។ វាអាចជួយធ្វើឲ្យរាងកាយរបស់យើងបានធូរស្រាល និងមានអារម្មណ៍ស្ងប់ស្ងាត់ កាត់បន្ថយការគិតបានច្រើន។

២. ពិភាក្សាជាមួយអ្នកជិតស្និទ្ធបំផុត

ការដែលយករឿងរ៉ាវ ឬបញ្ហាលំបាកៗទាំងឡាយ និយាយចេញមកឲ្យអស់ ហើយពិភាក្សា ស្វែងរកដំណោះស្រាយជាមួយអ្នកដែលជិតស្និទ្ធ ទុកចិត្តបាន ក៏ជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធិភាពអាចជួយកាត់បន្ថយស្រ្តេសបានផងដែរ។

៣. ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន

មនុស្សមួយចំនួន នៅពេលដែលមានអារម្មណ៍ស្រ្តេសកើតឡើងគឺ ចូលចិត្តចំណីអាហារផ្តេសផ្តាសតាមតែចិត្តចង់ ដែលអាហារទាំងនោះភាគច្រើនសម្បូរទៅដោយជាតិខ្លាញ់ ឬក៏ផ្អែមខ្លាំង ដែលមិនសូវជាល្អចំពោះសុខភាពឡើយ។ តាមពិតទៅដើម្បីសុខភាព ខណៈពេលដែលស្រ្តេសខ្លាំង គួរតែញ៉ាំបន្លែផ្លែឈើឲ្យបានច្រើនព្រោះការញ៉ាំបន្លែផ្លែឈើនឹងជួយបង្កើននូវសារធាតុអាស៊ីតអូមេហ្គា៣ ដែលអាចជួយកាត់បន្ថយអាការៈនៃការស្រ្តេសបាន។

៤. ហាត់ប្រាណ

ការហាត់ប្រាណ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្តយស្រ្តេស។ ការហាត់ប្រាណបានទៀងទាត់ល្អនឹងជួយឲ្យកម្រិតនៃការគិតច្រើនធ្លាក់ចុះ គេងលក់បានស្កប់ស្កល់ល្អ។ គេងបានគ្រប់គ្រាន់ រាងកាយមានសុខភាពល្អ ឯស្មារតីក៏ភ្លឺស្វាងល្អដែរ។

៥. ទំពារស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូ ក៏អាចជួយឲ្យកាត់បន្ថយស្រ្តេសបានដែរ ដោយសារពេលយើងទំពារស្ករកៅស៊ូ បានផលិតជារលកខួរក្បាលដែលជួយជម្រុញលំហូរឈាមទៅកាន់ខួរក្បាល និងផលិតសារធាតុ​ serotonin ដែលជួយឲ្យអារម្មណ៍បានធូរស្រាលមួយកម្រិត។ ហើយការសិក្សាបានបង្ហាញថាការបន្ធូរភាពតានតឹងដែលល្អបំផុត គឺនៅពេលដែលអ្នកទំពារខ្លាំងៗ។

៦. ស្រង់ក្លិនទៀនក្រអូប

ក្លិនក្រអូបដែលចេញពីការដុតនៃទៀនក្រអូប ក៏អាចជួយឲ្យ រាងកាយ និង អារម្មណ៍របស់អ្នកអាចធូរស្រាលបានដែរ។ លោកអ្នកអាចជ្រើសរើសយកប្រភេទក្លិនតាមការចូលចិត្តបាន មានដូចជា ក្លិនផ្កាឡាវេនដឺ ក្លិនផ្កាកូឡាប ក្លិនក្រូចសើច ក្លិនក្រូចធម្មតា ។ល។

៧. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន

សារធាតុកាហ្វេអ៊ីន គឺវាធ្វើឲ្យអារម្មណ៍របស់លោកអ្នកកាន់តែស្មុគស្មាញឡើង ហើយការដែលទទួលជាតិកាហ្វេអ៊ីនច្រើន លើសកម្រិតពេកគឺមិនល្អសម្រាប់សុខភាពឡើយ។

អត្ថបទ៖ សុភី

ប្រភព៖ https://www.wonderslist.com/simplest-ways-everyone-can-relieve-stress/