ពីធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ទំនៀមទម្លាប់ជារៀងរាល់ឆ្នាំនៅថ្ងៃទី១រោចខែភទ្របទ  ប្រជាជនខ្មែរតែងតែនាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ។ ប្រជាជនខ្មែរតែងតែមានជំនឿថា នៅថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទនេះ គឺជាថ្ងៃដែលយមរាជព្រលែងពពួកប្រេតដែលអត់ឃ្លានអាហារជាយូរមកហើយ នៅក្នុងចំណោមប្រេតទាំងនោះ អាច​និងមានញាតិសណ្តានខ្លួនឯងដែលបានចែកឋានទៅហើយ ហេតុនេះពួកគេត្រូវរៀបចំចង្ហាន់ ស្លាដក់ គ្រឿងតីយទាន ទៅប្រគេនព្រះសង្ឃនៅឯវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដូនតាខ្លួន។

តាមគម្ពីរព្រះពុទ្ធសាសនាបានអប់រំពុទ្ធបរិស័ទថា ព្រះពុទ្ធមិនបានដាក់កំហិតក្នុងការរៀបចំចង្ហាន់នោះទេ។ ញាតិញ៉ោមពុទ្ធបរិសទ្ធ ចង់ធ្វើម្ហូបអ្វីក៏បានដែរ គឺលោកមិនប្រកាន់ តាមតែសទ្ធាជ្រះថា្លរបស់យើងគ្រប់គ្នា។  

ប៉ុន្តែ លើកលែងសាច់១០ប្រភេទ ខាងក្រោមនេះចេញ ដែលមិនអាចយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃឆាន់បាន ព្រោះបើកាលណាព្រះសង្ឈបានឆាន់សាច់ទាំងនោះហើយ ទោះដឹង ឬមិនដឹងក៏ដោយ គឺត្រូវចាត់ទុកថាល្មើសនឹងពុទ្ធប្បញ្ញត្តិ។

១. សាច់មនុស្ស (មនុស្សមំសំ)

២. សាច់ដំរី (ហត្ថិមំសំ)

៣. សាច់សេះ (អស្សមំសំ)

៤. សាច់ឆ្កែ (សុនខមំសំ)

៥. សាច់ពស់ (អហិមំសំ)

៦. សាច់រាជសីហ៍ (សីហមំសំ)

៧. សាច់ខ្លាធំ (ព្យគ្ឃមំសំ)

៨. សាច់ខ្លាដំបង (ទីបិមំសំ)

៩. សាច់ខ្លាឃ្មុំ (អច្ឆមំសំ)

១០. សាច់ខ្លារខិន (តរច្ឆមំសំ)

ដូច្នេះ សូមបងប្អូនទាំងអស់គ្នាមេត្តាចង់ចាំឲ្យបានច្បាស់ និងខ្ជាប់ខ្ជួន ជៀសវាងការខុសឆ្គងដោយអចេតនា ព្រមទាំងសូមសង្រួមកាយវាចារចិត្ត ឧទ្ទិសកុសលផលបុណ្យដែលអ្នកទាំងអស់គ្នាបានធ្វើ សូមអោយបានទៅដល់ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅជាយូរផង សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ។

អត្ថបទ៖​ សុភី

ប្រភព៖ https://aphirati.wordpress.com/2011/11/26/សាច់​ដែល​ព្រះមាន​ព្រះ​/