រដូវបុណ្យភ្ជុំបានមកដល់ហើយ! នៅរៀងរាល់ឆ្នាំ ប្រជាជនខ្មែរយើងគ្រប់ផ្ទះ តែងចំណាយពេលរៀបចំទុកដាក់ធ្វើម្ហូបជាច្រើនមុខ រួមជាមួយនឹង នំ​ ចំណី បង្អែមផ្សេងៗ ព្រមទាំងរបស់ក្រៀមៗ​ជាច្រើនយកទៅវត្ត ដើម្បីប្រគេនដល់ព្រះសង្ឈ នៅតាមទីវត្តអារាម ទាំងនៅជិត និងនៅឆ្ងាយ ក៏ដូចជាទាំងនៅក្នុងក្រុង និងតាមបណ្តាខេត្តនានា គឺចាប់តាំងពីថ្ងៃបិណ្ទទី១​ រហូតដល់ថ្ងៃបុណ្យភ្ជុំធំតែម្តង។ 

សម្រាប់ការប្រគេនចង្ហាន់ដល់ព្រះសង្ឈជាធម្មតា គឺគេធ្វើការវេរប្រគេនមិនឲ្យលើស ឬផុតពីវេលាថ្ងៃត្រង់ឡើយ។ ហើយការវេរប្រគេនចង្ហាន់នេះទៀតសោតក៏មានបែបបទត្រឹមត្រូវផងដែរ ដែលយើងគ្រប់គ្នាគួរយល់ដឹង និងប្រតិបត្តិតាម ដើម្បីសម្តែងការគោរពដល់បព្វជិតនៃសាសនារបស់យើង។

១. ថ្វាយបង្គំព្រះពុទ្ធរូប និងព្រះសង្ឈជាមុនសិន

២. រៀបចំយកចង្ហាន់ទាំងអស់ដាក់លើថាសដើម្បីងាយស្រួលក្នុងការវេរប្រគេន

៣. អង្គុយខិត​ទៅជិតៗព្រះសង្ឈ តែត្រូវរក្សាគម្លាតឲ្យបានប្រវែង ១ហត្ថបាស (ហត្ថ ប្រែថាដៃ, គិតចាប់ពីគន្លាក់ដៃដល់ចុងដៃ, បាស ប្រែថារង្វង់) ដែលត្រូវជា ២​ហត្ថ និង១ចំអាម (១ហត្ថ =២ចំអា​ម ឬកន្លះលូក)។

  • បើពីព្រះសង្ឈទៅ គឺគិតចាប់ពីត្រឹមក្រោយទៅ 
  • តែបើពីយើងទៅវិញ គឺគិតចាប់ពីត្រឹមក្បាលជង្គង់ និងក្បាល
  • ករណី បើសិនជាយើងអង្គុយរាងឆ្ងាយបន្តិចយើងអាចអោនក្បាលបន្តិចក៏បានដែរ

៤. ពេលចាប់កាន់ និងលើកចង្ហាន់ប្រគេនព្រះសង្ឈ ត្រូវលើកឲ្យផុតពីលើតុ ឬកម្រាលឲ្យសមរម្យល្មម ហាមរុញទៅខាងមុខ ហើយពេលលើកត្រូវលើកឲ្យបានមុនព្រះសង្ឈ និងដាក់ចុះថ្មមៗ ហើយដកដៃចេញវិញ ក្រោយព្រះសង្ឈផងដែរ បន្ទាប់មកលើកដៃសំពះព្រះសង្ឈម្តងទៀត។

អត្ថបទដោយ:​ ឃូ សុភី

ប្រភព៖ https://www.youtube.com/watch?v=N5xOhtO2ApE